ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បន្តគាំទ្រសកម្មភាពមនុស្សធម៌ ស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមពាក្យស្លោក “ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម”

(ភ្នំពេញ)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ហៅកាត់ថា FTB ជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា បានបន្តគាំទ្រសកម្មមនុស្សធម៌ សហការជាមួយមណ្ឌលជាតិផ្ដល់ឈាម ស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមពាក្យស្លោក «ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម» ដែលបានរៀបចំឡើងនៅសាខាធនាគារ FTB (សាខាផ្សារហេងលី) នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣។

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមពាក្យស្លោក “ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម” ដែលមានការចូលរួមពីសំណាក់បុគ្គលិកធនាគារ និងដៃគូសហការនានា ក្នុងគោលបំណងលើកស្ទួយសុខុមាលភាពមនុស្សជាតិ លើកកម្ពស់សកម្មភាពសប្បុរសធម៌ក្នុងសហគមន៍ និងផ្តល់ជូនស្តុកឈាមដែលកំពុងមានតម្រូវការចាំបាច់សម្រាប់អ្នកជំងឺ។


បើយោងតាមរបាយការណ៍ទទួលបានពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបង្ហាញឱ្យដឹងថា មជ្ឈមណ្ឌលត្រូវការឈាមជាមធ្យម១០ម៉ឺនសាក់ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមជួយសង្គ្រោះអាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា តែចំនួនឈាមផ្គត់ផ្គង់មានត្រឹមតែ១០ភាគរយប៉ុណ្ណោះ។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាបានមានប្រសាសន៍ថា៖ “ធនាគារ FTB បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង ដែលនេះគឺជាឆ្នាំទី២ហើយ។ កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវចំពោះសង្គម (CSR) របស់ធនាគារ FTB ហើយធនាគារនឹងបន្តគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា ក៏ដូចជាការរួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីរៀបចំកម្មវិធីបរិច្ចាគឈាមដ៏មានអត្ថន័យ និងអត្ថប្រយោជន៍នេះនាឆ្នាំក្រោយៗទៀត។”


លោកបានមានប្រសាសន៍បន្តថា៖ “ធនាគារ FTB តែងតែគាំទ្រ និងបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ដ៏មានសារៈសំខាន់ជាច្រើនកន្លងមក រួមមាន “ទិវាសុខភាពផ្លូវចិត្តពិភពលោកលើកទី៨” “Cambodia Hearing day 2023” “ការប្រកួតប្រជែងអត្ថបទសំណេរទស្សនវិទ្យាលើកទី២” “ការបរិច្ចាគដល់កាកបាទក្រហម” និង “កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុង” ជាដើម។”

ជាចុងក្រោយ លោកក៏បានលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្រុមយុវជនចូលរួមបរិច្ចាគឈាមយ៉ាងហោចណាស់ម្ដងក្នុងមួយឆ្នាំ ដើម្បីយកទៅជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ដើម្បីសង្គ្រោះជីវិតមនុស្ស។ លោកសង្ឃឹមថាការបរិច្ចាគឈាមនៅឆ្នាំនេះនឹងទទួលបានការចូលរួមកាន់តែច្រើន ប្រកបដោយភាពសប្បាយរីករាយ និងដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់។


អំពីធនាគារ FTB៖ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ចនិងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ជាមួយនឹងទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ១,៩៤ ពាន់លានដុល្លារអាមេរិក ឥណទានសរុបចំនួន ១,២៧ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបជាង ១,៦១ ពាន់លានដុល្លារ ធនាគារFTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។