ធនាគារ FTB បើកដំណើរការសាខាបីបន្ថែមទៀតក្នុងរាជធានីភ្នំពេញ ដើម្បីនាំយកសេវាហិរញ្ញវត្ថុឱ្យកាន់តែជិតអតិថិជន

(ភ្នំពេញ) ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ហៅកាត់ថា FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា បានប្រកាសបើកសម្ពោធសាខាថ្មីបីស្របពេលតែមួយរួមមាន សាខាសែនសុខ សាខាផ្សារអ៊ីអនមានជ័យ និងសាខាជ្រោយចង្វារ បន្ថែមទៀតក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។

ពិធីបើកសម្ពោធសាខាថ្មីទាំងបីទីតាំងនេះ ត្រូវបានប្រព្រឹត្តិធ្វើឡើងរួមនៅសាខាសែនសុខ ក្រោមវត្តមានរបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង បុគ្គលិកនិយោជិត របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា និងអតិថិជនជាភ្ញៀវកិត្តិយសជាច្រើន ។

ឯកឧត្តម ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ FTB បានបង្ហាញសេចក្ដីសោមនស្សរីករាយក្រៃលែង និងមានប្រសាសន៍ថា៖“ តាមរយៈប្រវត្តិប្រតិបត្តិការជាង៤០ឆ្នាំ សេវាកម្មប្រកបដោយសុវត្ថិភាព និងគុណភាព ក៏ដូចជាភាពសម្បូរបែបនៃផលិតផលសេវាកម្មហិរញ្ញវត្ថុ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាទទួលបានការទុកចិត្តខ្ពស់ និងការទទួលស្គាល់ជាលំដាប់ពីសំណាក់អតិថិជន និងដៃគូធុរកិច្ច ហើយទទួលបាននូវកំណើនអាជីវកម្មជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ រហូតឈានសម្រេចបាននូវទំហំទ្រព្យសកម្មសរុបចំនួន១,៩៤ ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។”

ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ “ ដោយអនុវត្តន៍តាមទិសដៅ ដើម្បីសម្រេចបាននូវការរីកចម្រើន និងចក្ខុវិស័យរយៈពេលវែង យើងបានបន្តពង្រឹងអភិបាលកិច្ចរបស់ធនាគារ និងអនុវត្តឱ្យបានពេញលេញស្របតាមតម្រូវការបទប្បញ្ញត្តិរបស់និយ័តករ ។ ឈរលើមូលដ្ឋានអាជីវកម្មដ៏រឹងមាំ និងកិត្តិស័ព្ទជាធនាគារដៃគូក្នុងស្រុកឈានមុខមួយ ដើម្បីឆ្លើយតបតាមតម្រូវការសេវាកម្មដែលកាន់តែកើនឡើង ក៏ដូចជាទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងដៃគូធុរកិច្ច ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បាននឹងកំពុងបន្តពង្រីកបណ្តាញសាខាជាបន្តបន្ទាប់ ដែលរួមមានបណ្តាញប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលដូចជា ម៉ាស៊ីនអេធីអឹម សេវាធនាគារអនឡាញ និងសេវាធនាគារចល័ត ជាដើម ។”

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារ FTB បានមានប្រសាសន៍ថា៖ “ក្នុងឋានៈជាធនាគារពាណិជ្ជក្នុងស្រុកដ៏ចំណាស់មួយដែលបានផ្តល់សេវាកម្ម យូរអង្វែងជាងគេក្នុងចំណោមធនាគារទាំងអស់នៅក្នុងទីផ្សារ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ជានិច្ចកាលតែងតែបានផ្តល់ជូនអតិថិជននូវសេវាធនាគារប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ ក្រោមគោលដៅអាជីវកម្មជាក់លាក់ និងចក្ខុវិស័យដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

លោកបានបន្ថែមទៀតថា៖ “ ការបន្តវិនិយោគ និងពង្រីកបណ្ដាញសាខាអោយបានទូលំទូលាយគឺដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការទទួលបានសេវាពីធនាគារ ក៏ដូចជាដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទាំងមូលដែលកំពុងបន្តអភិវឌ្ឍន៍។ វត្តមានរបស់សាខាថ្មីទាំងបីរបស់FTB នឹងផ្តល់ជូននូវជម្រើសថ្មី និងប្រសើរមួយថែមទៀតជូនដល់អតិថិជនទាំងអស់ ក្នុងនាមជាដៃគូធនាគារក្នុងស្រុកដែលជាទីទុកចិត្តឈានមុខ និងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ។”

លោក តែ ថេងគង់ នាយកប្រតិបត្តិសេវាកម្មហិរញ្ញវត្ថុបុគ្គល បានលើកឡើងថា៖ “សាខាថ្មីទាំងនេះ នឹងបន្តផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុសម្បូរបែបគ្រប់ប្រភេទ ដែលរួមមានសេវាកម្មប្រាក់កម្ចី គណនីសន្សំ និង ប្រាក់បញ្ញើ សេវាទូទាត់ផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស ផលិតផលប័ណ្ណធនាគារ សេវាហិញ្ញប្បទានពាណិជ្ជកម្ម សេវាបើកប្រាក់បៀវត្ស សេវាបង់ភាគទានជូន ប.ស.ស សេវាបង់ពន្ធគ្រប់ប្រភេទជូនអគ្គនាយកដ្ឋានពន្ធដារ សេវាបង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករកម្ពុជា ។ល។”

តាមរយៈពិធីសម្ពោធនេះផងដែរ ធនាគារ FTB ក៏មានជាពិធីកាត់ខ្សែបូ ដើម្បីជាការអបអរសាទរ និងជាសក្ខីភាពក្នុងការដាក់ដំណើរការជាផ្លូវការនូវសាខាទាំងបីទីតាំងខាងលើ ដែលត្រូវបានផ្តល់កិតិ្តយសដោយវត្តមានរបស់ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកគណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារ។ ដើម្បីសម្តែងនូវការថ្លែងអំណរគុណ ធនាគារ FTB មានពិធីប្រគល់ជាវត្ថុអនុស្សាវរីយ៍ជូនចំពោះអតិថិជនចំនួន ១០រូប ដែលជាអតិថិជនដំបូងគេបង្អស់នៃសាខាថ្មីទាំងបីទីតាំង ដែលបានប្រើប្រាស់ សេវាកម្ម និងផលិតផលរបស់ធនាគារ FTB ប្រកបដោយទំនុកចិត្ត។


អាសយដ្ឋានទីតាំងសាខាទាំងបី៖

    • សាខាសែនសុខ មានទីតាំងនៅ ផ្ទះលេខ អា ០៧ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    • សាខាផ្សារអ៊ីអនមានជ័យ នៅបន្ទប់លេខ អេហ្វ ០២៨ ជាន់ទី១ មហាវិថីសម្ដេច ហ៊ុន សែន ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
    • សាខាជ្រោយចង្វារ ផ្ទះលេខ ១០៣, ១០៥, ១០៧, និង១០៩ ផ្លូវជាតិលេខ៦ អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលបច្ចុប្បន្ន ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា គឺជាធនាគារពាណិជ្ជក្នុងស្រុកទីមួយ រឹងមាំ និងឈានមុខ ជាមួយនឹងបទពិសោធន៍ប្រតិបត្តិការ អាជីវកម្មជាង៤០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩មក ដែលទទួលបានទំនុកចិត្តខ្ពស់ ពីសំណាក់អតិថិជន និងដៃគូធុរកិច្ចនៅក្នុងប្រទេស ក៏ដូចជាលើឆាកអន្តរជាតិ ដោយមានបុគ្គលិកសរុបប្រមាណជាង ៧០០នាក់ និងមានសាខាសរុបជាង ២០សាខា ទាំងនៅក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តសក្ដានុពលនៅប្រទេសកម្ពុជា។

សាខាធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បើកបម្រើអតិថិជនរៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៧:០០ រសៀល ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ និង ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ រៀងរាល់ថ្ងៃសៅរ៍ ហើយចំណែក សាខាបី បើកបម្រើអតិថិជនរៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍៍ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៧:០០ រសៀល សម្រាប់សាខា ទួលគោក សាខាផ្សារធំថ្មី និង សាខាផ្សារអ៊ីអនមានជ័យចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ២០:០០។

អំពីធនាគារ FTB៖ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ចនិងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ជាមួយនឹងទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ១,៩៤ ពាន់លានដុល្លារអាមេរិក ឥណទានសរុបចំនួន ១,២៧ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបជាង ១,៦១ ពាន់លានដុល្លារ ធនាគារFTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។