ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា តែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី

ភ្នំពេញ ២៧ តុលា ២០២៣– ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានតែងតាំងលោក ហ្គី អានវ៉ានិថ ជាប្រធានក្រុមប្រឹក្សាភិបាល ជំនួសលោក រ័ត្ន សាវុធ ដែលបានចូលនិវត្តន៍ពីមុខតំណែងបន្ទាប់ពីលោកបានបម្រើការងារអស់រយៈពេល ៩ឆ្នាំកន្លងមកនេះ។ ការតែងតាំងលោក ហ្គី អានវ៉ានិថ គឺមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដោយមានការយល់ព្រម និងអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា (NBC)។

លោក ហ្គី អានវ៉ានិថ បានបម្រើការនៅ FTB អស់រយៈពេលជាង ១៧ ឆ្នាំមកហើយ។ មុនពេលមកកាន់តួនាទីនេះ លោកជាអគ្គនាយកនៅធនាគារ FTB ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៨។ បន្ទាប់ពីលោកចូលនិវត្តន៍ លោកត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៅធនាគារ FTB ចាប់ពីឆ្នាំ២០១៨ រហូតដល់មានការតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនាពេលនេះ។ លោកបានចូលមកបម្រើការងារនៅធនាគារ FTB ក្នុងតួនាទីជាអគ្គនាយករង និងសមាជិកក្រុមប្រឹក្សាភិបាលចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០០៩។ លោកមានបទពិសោធន៍ការងារទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសកាណាដា។ បន្ថែមពីលើបទពិសោធន៍ផ្នែកធនាគារ បច្ចុប្បន្ននេះលោកក៏បានបម្រើការក្នុងតួនាទីផ្សេងៗ ក្នុងវិស័យផ្សេងទៀតរួមមាន៖ សមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាទីប្រឹក្សានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៅកំពង់ផែស្វយ័តភ្នំពេញ។

លោក ហ្គី អានវ៉ានិថ បានមានប្រសាសន៍៖ “ខ្ញុំមានកិត្តិយស ដែលរូបខ្ញុំបាទត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលប្រចាំនៅធនាគារ FTB ដែលជាធនាគារពាណិជ្ជទី១នៅកម្ពុជា និងបានបម្រើទីផ្សារចាប់តាំងពីឆ្នាំ១៩៧៩។ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមចំណែកក្នុងដំណើរវិត្តន៍ប្រកប ដោយការរីកចម្រើនរបស់ធនាគារ FTB ដែលបាននិងកំពុងបន្តការខិតខំដើម្បីអត្ថប្រយោជន៍ និងការពេញចិត្តរបស់អតិថិជនយើង។ ទន្ទឹមនឹងនេះ ខ្ញុំនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងធនាគារ FTB ដើម្បីផ្តល់នូវគុណតម្លៃជូនភាគទុនិករបស់យើង ព្រមទាំងបន្តពង្រឹងអភិបាលកិច្ចរបស់ធនាគារ FTB និងអនុវត្តឱ្យបានពេញលេញស្របតាមតម្រូវការបទប្បញ្ញត្តិរបស់និយ័តករ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា៖ “ជាមួយនឹងវិធីសាស្រ្តដ៏ប្រុងប្រយ័ត្ន មូលដ្ឋានគ្រឹះអាជីវកម្មរបស់យើងនឹងនៅតែរឹងមាំ និងប្រកបដោយចីរភាព ដើម្បីសម្រេចឱ្យបាននូវការរីកចម្រើន និងចក្ខុវិស័យរយៈពេលវែង”។

ស្របពេលជាមួយការតែងតាំងលោក ហ្គី អានវ៉ានិថ ជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ FTB ក៏សូមជម្រាបជូនផងដែរថា៖ លោកស្រី សុខ ចាន់សូណា ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាល និងលោក ឌី រដ្ឋា ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលថ្មី។ ជាមួយគ្នានេះផងដែរសមាជិកក្រុមប្រឹក្សាភិបាលផ្សេងទៀតនឹងរក្សានៅដដែល ដែលក្នុងនោះរួមមាន៖ លោកឧកញ៉ា លឹម ប៊ុនសួរ សមាជិកមិនប្រតិបត្តិ លោក ជូ វណ្ណៈ លោក លី តៃសេង និងលោក ឌិត សុចល ដែលជាសមាជិកប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ(CEO)។

អំពីធនាគារ FTB៖ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ជាមួយនឹងទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ១,៩៤ ពាន់លានដុល្លារអាមេរិក ឥណទានសរុបចំនួន ១,២៧ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបជាង ១,៦១ ពាន់លានដុល្លារ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។