ADB ចាប់ដៃជាមួយ FTB គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ នៅកម្ពុជា

(ភ្នំពេញ, ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានចូលរួមជាមួយកម្មវិធីហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ (Trade and Supply Chain Finance Program ហៅកាត់ថា TSCFP) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបង្កើនហិរញ្ញវត្ថុពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) របស់ប្រទេស។

នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma និងនាយកប្រតិបត្តិរបស់ធនាគារ FTB លោក ឌិត សុចល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅនិវាសដ្ឋានបេសកកម្មប្រចាំនៅកម្ពុជា របស់ ADB ក្នុងទីក្រុងភ្នំពេញ។

លោកស្រី Jyotsana Varma បានថ្លែងថា៖ «កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃគំនិត ផ្តួចផ្តើមអភិវឌ្ឍន៍វិស័យឯកជនរបស់ ADB ដើម្បីលើកកម្ពស់ការចូលរួមរបស់វិស័យនេះ ក្នុងការធ្វើ ពិពិធកម្ម សេដ្ឋកិច្ចរបស់កម្ពុជា។ វានឹងដោះស្រាយគម្លាតទីផ្សារ ដោយផ្តល់ហិរញ្ញប្បទានតាមរយៈ ធនាគារដៃគូ ដើម្បីគាំទ្រដល់ពាណិជ្ជកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលតំណាងឱ្យ ប្រមាណ ៩៩% នៃសហគ្រាសទាំងអស់នៅក្នុងប្រទេសកម្ពុជា។»

ក្នុងនាមជាធនាគារដៃគូរបស់TSCFP ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា នឹងផ្តល់ការគាំទ្រដល់អតិថិជនជាសហគ្រិន និង MSME នៅក្នុងប្រទេសកម្ពុជា ដោយអនុញ្ញាត ឲ្យឧបករណ៍ហិរញ្ញវត្ថុពាណិជ្ជកម្មដែលចេញដោយធនាគារ FTB ទទួលបានការធានាឥណទានពី TSCFP ។ ជំនួយនេះត្រូវបានរំពឹងថានឹងជួយបង្កើនចំនួនធនាគារអន្តរជាតិចូលរួមក្នុងទីផ្សារកម្ពុជា។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារ FTB បានមានប្រសាសន៍ថា៖ “ជាមួយនឹងកិច្ចព្រមព្រៀងហិរញ្ញវត្ថុពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នេះ ធនាគារមានគោលបំណងជួយសម្របសម្រួល និងពង្រីកការប្រកួតប្រជែងផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ ដល់អតិថិជនរបស់យើង តាមរយៈការធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់រួមបញ្ចូលគ្នា និងប្រកបដោយចរីភាព ។ ហិរញ្ញវត្ថុពាណិជ្ជកម្ម គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់អតិថិជនរបស់យើង ក៏ដូចជាឧបករណ៍ដ៏សំខាន់សម្រាប់លើកកម្ពស់ការប្រកួតប្រជែងពាណិជ្ជកម្មក្នុងប្រទេស និងបង្កើនឱកាសការងារដល់ប្រជាជនក្នុងស្រុកផងដែរ។”

លោកបានមានប្រសាសន៍បន្តថា៖ “តាមរយៈការសហការជាមួយ ADB ធនាគារទទួលបានធនធាន ចំណេះជំនាញ និងការទទួលបានឱកាសផ្សេងៗទៀតកាន់តែច្រើន ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្មដែលមានលក្ខណៈប្រកួតប្រជែង និងប្រកបដោយភាពច្នៃប្រឌិត ដល់អតិថិជន និងដើម្បីជួយរួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់កម្ពុជា។”

ពាណិជ្ជកម្មគឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងផ្តល់ឱកាសបន្ថែមទៀតដើម្បីពង្រីកការគាំទ្រសម្រាប់ជំនួញ និងពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។ ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់ប្រទេស ដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម ប្រមាណ ៣៦៣.២៨ លានដុល្លារចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។

ដើម្បីធ្វើឲ្យកិច្ចសហការមានប្រសិទ្ធភាព ធនាគារ FTB បាននិងកំពុងធ្វើការជាមួយ TSCFP ដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួនក្នុងការសម្របសម្រួលពាណិជ្ជកម្ម។ TSCFP បានជួយកសាងសមត្ថភាពនៅក្នុងធនាគារ FTB លើការរៀបចំរបាយការណ៍ ការអនុវត្តល្អៗ យុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត កម្មវិធីបណ្តុះបណ្តាល និងការវាស់វែងការអនុវត្ត។

គាំទ្រដោយចំណាត់ថ្នាក់ឥណទាន AAA របស់ ធនាគារអភិវឌ្ឍន៍អាស៊ី TSCFP ផ្តល់ប្រាក់កម្ចី និងការធានាដល់ធនាគារដៃគូជាង ២០០ ដើម្បីគាំទ្រពាណិជ្ជកម្ម ដែលបង្កើនការនាំចូល និងការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ចាប់តាំងពីឆ្នាំ ២០០៩ មក TSCFP បានគាំទ្រជាទឹកប្រាក់ ប្រមាណ៥៧ពាន់លានដុល្លារ សម្រាប់ជំនួញ នៅក្នុងប្រតិបត្តិការជាង ៥៤,០០០ នៅក្នុងទីផ្សារ កំពុងផុសឡើង (emerging markets)។

អំពីធនាគារ FTB៖ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ចនិងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ជាមួយនឹងទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ១,៩៤ ពាន់លានដុល្លារអាមេរិក ឥណទានសរុបចំនួន ១,២៧ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបជាង ១,៦១ ពាន់លានដុល្លារ ធនាគារFTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។