ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា វិនិយោគ ១0,០០០,000 ដុល្លារបន្ថែម ទឹកប្រាក់វិនិយោគសរុបចំនួន ៣0,០០០,000 លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រ គម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី TIA


កាលបរិច្ឆេទ៖ ថ្ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា វិនិយោគ ១0,០០០,000 ដុល្លារបន្ថែម នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ដោយទឹកប្រាក់វិនិយោគសរុបចំនួន ៣0,០០០,000 ដុល្លារ ។

   ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ត្រូវនឹងទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិច(ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។

   អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

   ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

   CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

   ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជម្រុញ គាំទ្រ និងជួយផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក ។

   ផ្អែកលើមូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ សមិទ្ធផលជាច្រើន បទពិសោធន៍ក្នុងដំណើរការចូលរួមជួយអភិវឌ្ឍ ទីផ្សារ និងសេដ្ឋកិច្ចជាតិរយៈពេល៤០ឆ្នាំកន្លងមកនេះ និងជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលមានចំនួនប្រមាណ ១,៧ ប៊ីលានដុល្លារ ទំហំឥណទានសរុបប្រមាណ ១,១៥ ប៊ីលានដុល្លារ និងប្រាក់បញ្ញើសរុបប្រមាណ ១,៥ ប៊ីលានដុល្លារ និងបណ្តាញសាខាចំនួន ១៦សាខា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានកំណត់ ទិសដៅអាជីវកម្មរយៈពេលវែង ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីជម្រុញឲ្យធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។