ភ្នំពេញ — នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងបង្កើតក្របខណ្ឌរួមមួយ ដើម្បីសម្របសម្រួល និងលើកកម្ពស់យន្តការហិរញ្ញប្បទាន ព្រមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុជូនដល់អ្នកនាំចេញ និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារ FTB បានមានប្រសាសន៍ថា៖ ៖ “កិច្ចសហប្រតិបត្តិការនាថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការគាំទ្រដល់កសិករ សហគមន៍កសិកម្ម និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ យើងជឿជាក់ថា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុស្របតាមតម្រូវការ វានឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អ្នកនាំចេញខ្មែរនៅលើឆាកអន្តរជាតិ។”
តាមរយៈអនុស្សរណៈយោគយល់គ្នានេះ ភាគីទាំងពីរនឹងផ្តោតលើសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖
- ការពង្រឹងការនាំចេញកសិផលខ្មែរ និងឧស្សាហកម្មកែច្នៃកសិផលខ្មែរ៖ គាំទ្រដល់វិស័យដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានកូតានាំចេញ និងចំណែកទីផ្សារ រួមមាន ស្រូវ-អង្ករ (រួមទាំងរោងម៉ាស៊ីនកិនស្រូវ និងរោងចក្រកែច្នៃ) គ្រាប់ស្វាយចន្ទី ពោត ដំឡូងមី និងស្វាយ ព្រមទាំងរោងចក្រកែច្នៃនៃកសិផលទាំងនេះ។
- ការអភិវឌ្ឍផលិតផលហិរញ្ញប្បទានតាមតម្រូវការ៖ បង្កើតផលិតផលហិរញ្ញវត្ថុជាក់លាក់សម្រាប់អ្នកនាំចេញ រួមមាន ហិរញ្ញប្បទានមុនការនាំចេញ ហិរញ្ញប្បទានក្រោយការនាំចេញ និងទុនបង្វិល។
- ការសម្របសម្រួលដល់ការទទួលបានឥណទាន៖ ជួយសម្រួលដល់អ្នកនាំចេញដែលមានសិទ្ធិស្របតាមលក្ខណៈវិនិច្ឆ័យដែលបានព្រមព្រៀងគ្នា ឱ្យទទួលបានប្រភពទុនកាន់តែងាយស្រួល។
- ការចែករំលែកព័ត៌មាន៖ ផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យស្តីពីវិស័យនាំចេញ ឱកាសទីផ្សារ និងតម្រូវការហិរញ្ញវត្ថុជាក់ស្តែង។
- ការកសាងសមត្ថភាព៖ រៀបចំសកម្មភាពបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់អ្នកនាំចេញ លើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងហិរញ្ញប្បទានសម្រាប់ការនាំចេញ។
- ការកាត់បន្ថយហានិភ័យ៖ លើកកម្ពស់ និងដាក់ចេញនូវមធ្យោបាយនានាដែលអាចអនុវត្តបាន ដើម្បីកាត់បន្ថយហានិភ័យក្នុងអាជីវកម្មនាំចេញ។
កិច្ចសហប្រតិបត្តិការរវាង ធនាគារ FTB និង សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក) នាពេលនេះ នឹងក្លាយជាកាតាលីករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបើកឱកាសឱ្យផលិតផលខ្មែរអាចពង្រីកវិសាលភាពខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ និងមានចីរភាព។








