(សៀមរាប)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានបើកសម្ពោធដាក់ឱ្យដំណើរការ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (ក្រុងសៀមរាប សង្កាត់ស្លក្រាម) ជាសាខាទី២៧ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីនាំយកសេវាហិរញ្ញវត្ថុសម្បូរបែបឱ្យកាន់តែខិតជិតអតិថិជន។
ពិធីសម្ពោធនេះត្រូវបានប្រព្រឹត្តទៅនៅក្រុងសៀមរាប ក្រោមអធិបតីភាពលោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារ FTB ព្រមទាំងវត្តមានរបស់និងក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិករបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា និងអតិថិជនជាភ្ញៀវកិត្តិយសជាច្រើន។
សាខាថ្មីនេះ បើកដំណើរចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (ម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល) និងព្រឹកថ្ងៃសៅរ៍ (ម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០ព្រឹក) និងមានទីតាំងស្ថិតនៅអគារលេខ ៩៥៦ លើផ្លូវលេខ៦អា ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជាមួយទីកន្លែងប្រកបដោយផាសុកភាព និងទីធ្លាចំណតធំទូលាយ អតិថិជននឹងទទួលបានសេវាហិរញ្ញវត្ថុសម្បូរបែប រួមមាន សេវាប្រាក់បញ្ញើ សេវាឥណទាន សេវាទូទាត់ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាធនាគារចល័ត និងអនឡាញ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាបង់ភាគទានជូន ប.ស.ស. សេវាបង់ពន្ធគ្រប់ប្រភេទជូនអគ្គនាយកដ្ឋានពន្ធដារ បង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករកម្ពុជាជាដើម។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារ FTB បានមានប្រសាសន៍ថា៖ “ឈរលើទិសដៅ និងយុទ្ធសាស្ត្រពង្រីកអាជីវកម្មដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល ថ្ងៃនេះធនាគារ FTB បានឈានមកដល់របត់ដ៏សំខាន់មួយទៀត គឺការបើកទំព័រទិសដៅយុទ្ធសាស្ត្រ តាមរយៈការបង្កើតសាខាថ្មីបន្ថែមទៀតគឺ សាខាក្រុងសៀមរាប សង្កាត់ស្លក្រាម ដែលជាសាខាទីពីររបស់យើង។”
លោកបានមានប្រសាសន៍បន្ថែមថា៖ “ខេត្តសៀមរាប មិនត្រឹមតែជាបេះដូងនៃវប្បធម៌ និងជាទឹកដីអច្ឆរិយៈដែលល្បីល្បាញរន្ទឺទូទាំងសកលលោកប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះក៏ជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលមិនចេះរីងស្ងួតរបស់កម្ពុជាផងដែរ។ វត្តមានរបស់ ធនាគារ FTB នៅលើទឹកដីដ៏វិសុទ្ធនេះ គឺដើម្បីជាកម្លាំងចលករថ្មីមួយ ក្នុងការជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជំរុញសកម្មភាពវិនិយោគ គាំទ្រដល់ធុរកិច្ចក្នុងស្រុក និងចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កម្រិតជីវភាព ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឱ្យកាន់តែរីកចម្រើន និងមានភាពស៊ីវិល័យ។”
តាមរយៈពិធីសម្ពោធនេះផងដែរ ធនាគារ FTB ក៏មានជាពិធីកាត់ខ្សែបូ ដើម្បីជាការអបអរសាទរ និងជាសក្ខីភាពក្នុងការដាក់ដំណើរការជាផ្លូវការនូវសាខាក្រុមហ៊ុនក្នុងស្រុក ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (ក្រុងសៀមរាប សង្កាត់ស្លក្រាម) ។








