FTB Logo
២៧ មេសា ២០២៦

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) និងក្រុមហ៊ុន ម៉ាស្ទ័រកាត រៀបចំពិធីផ្លាស់ប្ដូរអនុស្សរណៈយោគយល់គ្នាជាផ្លូវការ ដើម្បីជំរុញការទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) និងក្រុមហ៊ុន ម៉ាស្ទ័រកាត រៀបចំពិធីផ្លាស់ប្ដូរអនុស្សរណៈយោគយល់គ្នាជាផ្លូវការ ដើម្បីជំរុញការទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ – ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦ – ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេនៅកម្ពុជា បានរៀបចំពិធីផ្លាស់ប្ដូរអនុស្សរណៈយោគយល់គ្នាជាផ្លូវការ ជាមួយ ក្រុមហ៊ុន ម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យទូទាត់ប្រាក់។ កិច្ចសហប្រតិបត្តិការនេះ ជាជំហានដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង តាមរយៈការលើកកម្ពស់សមត្ថភាពសេវាធនាគារឌីជីថល និងការគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់ប្រាក់ និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ FTB នឹងផ្ដល់ជូនអតិថិជននូវកម្មប័ណ្ណម៉ាស្ទ័រកាត (Issue Masterard cards) ព្រមទាំងពង្រីកបណ្តាញទូទាត់សម្រាប់អាជីវករ (Merchant Acquiring) ដោយផ្អែកលើបណ្តាញតភ្ជាប់ជាសកលរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ព្រមទាំងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព លឿនរហ័ស សម្រាប់ម្ចាស់ប័ណ្ណ ម្ចាស់អាជីវកម្ម និងដៃគូពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

ប្រទេសកម្ពុជាបានអភិវឌ្ឍខ្លួនយ៉ាងរហ័សទៅក្នុងបរិបទ នៃការទូទាត់ប្រាក់ដោយឥតចាំបាច់មានសាច់ប្រាក់ ដែលតម្រូវឱ្យប្រទេសកម្ពុជា ត្រូវការសេវាទូទាត់ប្រាក់អន្តរជាតិមួយប្រកបដោយទំនុកចិត្ត ភាពងាយស្រួលក្នុងការទូទាត់បែប Contactless និងប្រព័ន្ធពាណិជ្ជកម្មតាមបណ្ដាញអនឡាញដែលមានសុវត្ថិភាពខ្ពស់។ កិច្ចសហការនាថ្ងៃនេះ នឹងជំរុញឱ្យធនាគារ FTB បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនក្នុងទីផ្សារ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មនានា អាចទទួលបានការទូទាត់ពីអតិថិជនជាតិ និងអន្តរជាតិបានកាន់តែទូលំទូលាយ។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារ FTB បានលើកឡើងថា៖ «ភាពជាដៃគូជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ ពីការតាំងចិត្តរបស់ធនាគារលើចក្ខុវិស័យវែងឆ្ងាយ ក្នុងការក្លាយខ្លួនជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេក្នុងប្រទេសកម្ពុជា។ យើងមិនត្រឹមតែពង្រីកសេវាកម្មឱ្យកាន់តែប្រសើរជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការជំរុញផ្លាស់ប្ដូរសេដ្ឋកិច្ចជាតិទៀតផង។ គោលដៅធំរបស់ធនាគារ FTB គឺផ្ដល់ជូនអតិថិជន ដៃគូសហការ និងសហគមន៍ទាំងអស់ នូវដំណោះស្រាយហិរញ្ញវត្ថុឱ្យកាន់តែមានភាពទូលំទូលាយ ដើម្បីភាពចម្រើនប្រទេសប្រកបដោយចីរភាព និងវិបុលភាពដល់ប្រទេសកម្ពុជា»។

លោក ហ្សារ៉ាដ ជេន (Sharad Jain) នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ របស់ក្រុមហ៊ុន ម៉ាស្ទ័រកាត បានមានប្រសាសន៍ថា៖ «ប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាកំពុងមានសន្ទុះយ៉ាងខ្លាំងជាមួយនឹងការកើនឡើងនៃការប្រើប្រាស់កាបូបឌីជីថល និងការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅទូទាំងប្រទេស។ ភាពជាដៃគូជាមួយធនាគារ FTB នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ម៉ាស្ទ័រកាត ក្នុងការគាំទ្រដល់អាទិភាពរបស់ប្រទេសកម្ពុជាចំពោះបរិវត្តកម្មឌីជីថល ការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន ម៉ាស្ទ័តកាត កំពុងរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធទូទាត់នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ មានបរិយាបន្ន និងតភ្ជាប់បទពិសោធនៃការទូទាត់ឱ្យកាន់តែងាយស្រួលសម្រាប់អតិថិជន និងអាជីវកម្មនៅទូទាំងប្រទេស។»

ក្រុមហ៊ុន ម៉ាស្ទ័រកាត កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជាដើម្បីពង្រីកលទ្ធភាពនៃការប្រើប្រាស់សេវាទូទាត់ឌីជីថល ពង្រឹងសុវត្ថិភាព និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហការនេះ អតិថិជនរបស់ FTB នឹងទទួលបានអត្ថប្រយោជន៍ពីជម្រើសនៃការទូទាត់ដ៏ទំនើប រួមទាំងការទូទាត់ប្រាក់នៅតាមហាង ទិញទំនិញអនឡាញ និងការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់យ៉ាងរលូន និងប្រកបដោយសុវត្ថិភាព។ ជាមួយនឹងបណ្តាញទូទាត់ជាសកលរបស់ ក្រុមហ៊ុន ម៉ាស្ទ័រកាត ដែលអាចប្រើប្រាស់បានក្នុងជាង ២១០ ប្រទេស និងជុំវិញពិភពលោក អ្នកកាន់ប័ណ្ណធនាគារ FTB នឹងកាន់តែមានទំនុកចិត្ត និងភាពងាយស្រួលក្នុងការទូទាត់ប្រាក់ទាំងក្នុងស្រុក និងអន្តរជាតិ ខណៈពេលដែលធនាគារ FTB ក៏បានបានផ្ដល់ជូនអតិថិជននូវបទពិសោធទូទាត់ប្រាក់ប្រកបដោយនវានុវត្តថែមទៀតផង។

ក្នុងដំណើរឆ្ពោះទៅមុខរួមគ្នា ធនាគារ FTB និង ក្រុមហ៊ុន ម៉ាស្ទ័រកាត បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរួមដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ អតិថិជននឹងទទួលបានបទពិសោធថ្មីៗជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវផលិតផល និងសេវាកម្មប្រសើរជាងមុនជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខ ជាមួយការពង្រឹងបន្ថែម នូវវិស័យទូទាត់ប្រាក់នៅប្រទេសកម្ពុជាឱ្យកាន់តែខ្លាំង នៅក្នុងសេដ្ឋកិច្ចឌីជីថលសកល។

អំពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ជាធនាគារពាណិជ្ជក្នុងស្រុកទី១ នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករ។ គិតត្រឹមឆ្នាំ ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ជាង ២,៥ ពាន់លានដុល្លារអាមេរិក។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីក្រុមហ៊ុន ម៉ាស្ទ័រកាត

ក្រុមហ៊ុន ម៉ាស្ទ័រកាត ទ្រទ្រង់ដល់សេដ្ឋកិច្ច និងបង្កើតឱកាសដល់មនុស្សប្រមាណជាង ២០០ ប្រទេស និងតំបន់ជុំវិញពិភពលោក។ រួមគ្នាជាមួយអតិថិជនរបស់យើង យើងកំពុងកសាងសេដ្ឋកិច្ចមានភាពធន់ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើនរួមគ្នាបាន។ យើងផ្តល់នូវជម្រើសទូទាត់ឌីជីថលយ៉ាងទូលំទូលាយ ដែលធ្វើឱ្យប្រតិបត្តិការទូទាត់ប្រាក់មានសុវត្ថិភាព សាមញ្ញ ឆ្លាតវៃ និងអាចប្រើប្រាស់បាន។ យើងផ្តល់បច្ចេកវិទ្យា និងនវានុវត្តន៍រួមជាមួយនឹងភាពជាដៃគូ និងបណ្តាញរបស់យើង ផ្តល់នូវផលិតផល និងសេវាកម្មដែលដើម្បីគាំទ្រនូវសក្តានុពលរបស់អ្នកប្រើប្រាស់អាជីវកម្ម និងរាជរដ្ឋាភិបាល។

www.mastercard.com

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

  • ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)
    លោក គី សុម៉ាណា
    ប្រធាននាយកដ្ឋានទីផ្សារ និងទំនាក់ទំនង
    ទូរស័ព្ទ៖ 081 666 512
    អ៊ីមែល៖ Somana.ky@ftb.com.kh
  • ទីភ្នាក់ងារទំនាក់ទំនង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា
    លោក ស៊ូ ពិសែន
    អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងយុទ្ធសាស្ត្រ (Account Manager)
    ទូរស័ព្ទ៖ 855 17 719 346
    អ៊ីមែល៖ Pisen.Sou@ruderfinnera.com

អត្ថបទផ្សេងទៀត