ភ្នំពេញ – ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដែលជាធនាគារពាណិជ្ជកម្មទី១គេនៅកម្ពុជា និងក្រុមហ៊ុន យូញៀនផេ អ៊ិនធើណេសិនណល (UnionPay International ហៅកាត់ថា “UPI”) ដែលជាបណ្តាញទូទាត់ដ៏ធំមួយក្នុងចំណោមបណ្តាញផ្តល់សេវាប័ណ្ណទូទាត់នៅក្នុងសកលលោក បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃនេះ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃសេវាទូទាត់ឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងបង្កើនដំណោះស្រាយសេវាទូទាត់ឌីជីថលប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព និងផ្តោតជាពិសេសលើការគាំទ្រវិស័យទេសចរណ៍ និងផ្តល់បទពិសោធសេវាទូទាត់សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលអញ្ជើញមកកាន់ប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខានេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលធនាគារ FTB និងបានអញ្ជើញចូលរួមជាអធិបតីភាពពី លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារ FTB និងលោកស្រី លាង ចិន្តា នាយិកាប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន UnionPay International ។ ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ FTB និង UnionPay International នឹងរួមគ្នាលើកកម្ពស់ការផ្តល់ជូនដំណោះស្រាយការទូទាត់តាមរយៈ UnionPay ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។ អតិថិជន សាធារណជនទូទៅ និងជាពិសេសទេសចរអន្តរជាតិនឹងអាចធ្វើការទូទាត់ទំនិញ និងសេវាកម្មបានយ៉ាងងាយស្រួលតាមរយៈម៉ាស៊ីនឆូតប័ណ្ណ (Contactless POS) ដែលធនាគារ FTB ដាក់ឱ្យប្រើប្រាស់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងហាងលក់រាយទូទាំងប្រទេស។ លើសពីនេះ អ្នកកាន់ប័ណ្ណ UnionPay អាចធ្វើការដកសាច់ប្រាក់បានយ៉ាងងាយស្រួលនៅតាមម៉ាស៊ីន ATM របស់ FTB ដែលមាននៅទីតាំងជាង 86 កន្លែងនៅទូទាំងរាជធានី និងខេត្តសក្តានុពលសំខាន់ៗមួយចំនួន។
លោកស្រី លាង ចិន្តា នាយិកាប្រចាំប្រទេសកម្ពុជា នៃ UnionPay International បានមានប្រសាសន៍ថា “UnionPay International ប្តេជ្ញាបង្កើនបទពិសោធន៍ទូទាត់ដែលមានសុវត្ថិភាព ងាយស្រួល និងភាពរលូនសម្រាប់អ្នកកាន់ប័ណ្ណនៅទូទាំងពិភពលោក។ ការទូទាត់បែបឌីជីថលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដំណើរកំសាន្ត និងការប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយភាពរលូនសម្រាប់សេវាទូទាត់ឆ្លងដែន។ តាមរយៈកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ FTB យើងកំពុងផ្តល់ជូនដំណោះស្រាយទូទាត់បែបឌីជីថលឱ្យកាន់តែទូលំទូលាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ផ្តល់ជូនទេសចរអន្តរជាតិនូវបទពិសោធន៍ទូទាត់ និងពង្រឹងសេវាទូទាត់ឆ្លងដែនសម្រាប់អ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដែលធ្វើដំណើរទៅក្រៅប្រទេស”។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារ FTB បានលើកឡើងថា “ភាពជាដៃគូជាមួយ UPI នេះនឹងជួយគាំទ្រដល់ធនាគារ FTB ក្នុងការផ្តល់ជូននូវជម្រើសថ្មី និងប្រកបដោយទំនុកចិត្ត នៃសេវាទូទាត់បែបឌីជីថល ដើម្បីបម្រើតម្រូវការដែលកំពុងបន្តកើនឡើងនៃទីផ្សាររបស់យើង។ ការសហការជាដៃគូនេះនឹងមិនត្រឹមតែផ្តល់នូវភាពងាយស្រួលនៃសេវាទូទាត់បែបឌីជីថលក្នុងស្រុក និងអន្តរជាតិដល់អតិថិជន និងអ្នកធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការពង្រឹងអាជីវកម្មធុនតូច និងមធ្យមនៅក្នុងស្រុក តាមរយៈការជួយជំរុញកំណើន និងសក្តានុពលអាជីវម្មរបស់ពួកគាត់ ឱ្យមានលទ្ធភាពពង្រីកវិសាលភាពអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់ និងសកល”។
អំពីធនាគារ FTB:
ជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ 1979 ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករ។ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ជាង 2.3 ពាន់លានដុល្លារអាមេរិក។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អំពី UPI
ក្រុមហ៊ុន UnionPay International គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China UnionPay ដែលផ្តោតលើការជំរុញកំណើន និងការគាំទ្រដំណើរការអាជីវកម្ម UnionPay ដែលមានវត្តមាននៅទូទាំងពិភពលោក។ ដោយមានការឆ្លងកាត់ តាមរយៈការសហការជាមួយនឹងដៃគូជាសមាជិកជាង 2600 នៅទូទាំងពិភពលោក UnionPay International បានគ្របដណ្តប់សេវាកម្មរបស់ខ្លួនដល់ប្រទេស និងតំបន់ចំនួន 181 និង ធនាគារដែលមានទីតាំង 79 ប្រទេស និងតំបន់បានចេញកាត UnionPay។ UnionPay International ផ្តល់ជូននូវសេវាទូទាត់ឆ្លងដែនដែលមានគុណភាពខ្ពស់ សន្សំសំចៃ និងមានសុវត្ថិភាពជូនដល់មូលដ្ឋានអ្នកកាន់កាតដែលធំជាងគេបំផុតរបស់ពិភពលោក និងធានានូវសេវាកម្មក្នុងស្រុកងាយស្រួលដល់អ្នកកាន់កាត UnionPay និងអាជីវករដែលកំពុងតែកើនឡើងនៅទូទាំងពិភពលោក។








