FTB Logo

សមាជិកប្រតិបត្តិ

សមាជិកប្រតិបត្តិ
លោក ឌិត សុចល

លោក ឌិត សុចល

ប្រធាននាយកប្រតិបត្តិ និង សមាជិកក្រុមប្រឹក្សាភិបាល


លោក ឌិត សុចល គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យធនាគារ ដែលមានបទពិសោធន៍ទូលំទូលាយជាង ១៥ ឆ្នាំ ក្នុងវិស័យសេវាហិរញ្ញវត្ថុ។ លោកបានចាប់ផ្តើមអាជីពការងារនៅធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន PwC មុនពេលបម្រើការអស់រយៈពេលជិត ១២ ឆ្នាំ ជាមួយធនាគារ ANZ Royal Bank និង ANZ New Zealand។ ក្នុងអំឡុងពេលនោះ លោកបានកសាងជំនាញ និងបទពិសោធន៍ជ្រាលជ្រៅលើប្រតិបត្តិការធនាគារ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុលោមតាមបទប្បញ្ញត្តិ។

នៅក្នុងឆ្នាំ ២០១៦ លោក ឌិត សុចល បានចូលបម្រើការនៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ក្នុងតួនាទីជាប្រធាននាយករងប្រតិបត្តិ ហើយក្រោយមកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាល។ ក្នុងតួនាទីនេះ លោកបានដឹកនាំយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ ត្រួតពិនិត្យ និងកំណត់ទិសដៅការអនុវត្តប្រតិបត្តិការទូទៅ ជំរុញកំណើនប្រកបដោយចីរភាព និងលើកកម្ពស់ឧត្តមភាពប្រតិបត្តិការ។

បន្ថែមពីលើតួនាទីជាអ្នកដឹកនាំក្នុងធនាគារ លោក ឌិត សុចល ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាផងដែរ។ លោកបានបម្រើការជាសមាជិកក្រុមប្រឹក្សារបស់សមាគមធនាគារនៅកម្ពុជា (ABC) ជាច្រើនអាណត្តិ រួមទាំងអាណត្តិបច្ចុប្បន្ន។ ក្នុងអំឡុងពេលនោះ លោកបានធ្វើជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Committee) និងបានរួមចំណែកលើកកម្ពស់ការអនុវត្តធនាគារប្រកបដោយទំនួលខុសត្រូវ និងនិរន្តរភាពនៅកម្ពុជា។ លើសពីនេះ លោកក៏ធ្លាប់បម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលនៃកំពង់ផែស្វយ័តភ្នំពេញ ចាប់ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០២២ ផងដែរ។

លោក ឌិត សុចល ទទួលបានសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះចក្ខុវិស័យជ្រាលជ្រៅក្នុងវិស័យហិរញ្ញវត្ថុ សមត្ថភាពក្នុងការកសាងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍវិស័យធនាគារ និងសេដ្ឋកិច្ចជាតិ។

លោក មាន ច័ន្ទណារិទ្ធ

លោក មាន ច័ន្ទណារិទ្ធ

ប្រធាននាយកប្រតិបត្តិសេវាហិរញ្ញវត្ថុអាជីវកម្ម


លោក មាន ច័ន្ធណារិទ្ធ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់​ និងជាអ្នកជំនាញផ្នែកធនាគារ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ និងមានមូលដ្ឋានចំណេះដឹងរឹងមាំលើការអភិវឌ្ឍអាជីវកម្ម ការគ្រប់គ្រងឥណទាន និងសវនកម្មផ្ទៃក្នុង។ ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិសេវាហិរញ្ញវត្ថុអាជីវកម្ម នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) លោកទទួលខុសត្រូវលើការដឹកនាំ និងអនុវត្តយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាព ពង្រីកមូលដ្ឋានអតិថិជន និងលើកកម្ពស់គុណភាពសេវាកម្មហិរញ្ញវត្ថុឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងវិវឌ្ឍឥតឈប់ឈរ។

លោក មាន ច័ន្ធណារិទ្ធ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិសេវាហិរញ្ញវត្ថុអាជីវកម្មនៅខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានការតែងតាំងជាអគ្គនាយករងនៅខែមករា ឆ្នាំ២០១៩។ លោកបានចូលបម្រើការងារនៅ FTB ក្នុងឆ្នាំ២០១២ ជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង ហើយបានបង្ហាញនូវសមត្ថភាពដឹកនាំ និងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដែលនាំឱ្យមានការតែងតាំងជាបន្តបន្ទាប់ រហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ទទួលបន្ទុកផ្នែកឥណទាននៅឆ្នាំ២០១៤។

មុនចូលបម្រើការងារនៅFTB លោក មាន ច័ន្ធណារិទ្ធ បានបម្រើការងារអស់រយៈពេលជាង ១០ ឆ្នាំ ក្នុងស្ថាប័នរដ្ឋ និង​ឯកជន លើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។ បទពិសោធន៍ដ៏សម្បូរបែបនេះបានផ្តល់ឱ្យលោកនូវមូលដ្ឋានរឹងមាំក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្ម។

លោក មាន ច័ន្ធណារិទ្ធ ទទួលបានសញ្ញាបត្របរិញ្ញាបត្រគណនេយ្យពីវិទ្យាស្ថានជាតិគ្រប់គ្រង (NIM) ក្នុងឆ្នាំ២០០០។ លោកត្រូវបានទទួលស្គាល់ចំពោះសមត្ថភាពដឹកនាំដ៏រឹងមាំ ភាពឈ្លាសវៃក្នុងអាជីវកម្ម និងការប្តេជ្ញាចិត្តក្នុងការសម្រេចលទ្ធផលប្រកបដោយប្រសិទ្ធភាព ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើន និងភាពជោគជ័យរបស់ស្ថាប័ន។

លោកស្រី នួន បូរ៉ានី

លោកស្រី នួន បូរ៉ានី

ប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ


លោកស្រី នួន បូរ៉ានី គឺជាធនាគារិកជាន់ខ្ពស់ដែលមានបទពិសោធន៍ជាង ៤០ ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន លោកស្រីបម្រើការជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ (COO) នៃធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដោយទទួលខុសត្រូវដឹកនាំ និងគ្រប់គ្រងនាយកដ្ឋានធុរកិច្ចអន្តរជាតិ និងនាយកដ្ឋានជំនួយប្រតិបត្តិការ ព្រមទាំងត្រួតពិនិត្យ និងសម្របសម្រួលរាល់ប្រតិបត្តិការធនាគារ និងសេវាផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារ។ លោកស្រីត្រូវបានតែងតាំងក្នុងតួនាទីនេះនៅឆ្នាំ២០១៩។

ពេញមួយអាជីពការងារដ៏ជោគជ័យរបស់ខ្លួននៅ FTB លោកស្រីបានកាន់តួនាទីដឹកនាំសំខាន់ៗជាច្រើន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ និងការរីកចម្រើនរបស់ធនាគារ។ មុនពេលត្រូវបានតែងតាំងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ លោកស្រីបានបម្រើការជាអគ្គនាយករង ទទួលបន្ទុកផ្នែកគណនេយ្យ និងប្រតិបត្តិការចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩។ កាលពីមុនទៀត លោកស្រីត្រូវបានតែងតាំងជាប្រធានផ្នែកគណនេយ្យក្នុងឆ្នាំ២០០៣ បន្ទាប់ពីបានកាន់តួនាទីជាប្រធានផ្នែកឥណទានតាំងពីឆ្នាំ១៩៩៨។

លោកស្រី នួន បូរ៉ានី ទទួលបានសញ្ញាបត្របរិញ្ញាបត្រធនាគារ (ឯកទេសគណនេយ្យ) ពីសាកលវិទ្យាល័យធនាគារ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩៣។ លោកស្រីក៏ទទួលបានសញ្ញាបត្របរិញ្ញាបត្ររងផ្នែកធនាគារ (ឯកទេសឥណទាន) ពីមហាវិទ្យាល័យធនាគារ ទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៨៦។ ជាមួយបទពិសោធន៍ដ៏សម្បូរបែប និងចំណេះដឹងស៊ីជម្រៅលើប្រតិបត្តិការធនាគារ ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងស្ថាប័ន លោកស្រីត្រូវបានទទួលស្គាល់ថាជាថ្នាក់ដឹកនាំដែលមានសមត្ថភាពខ្ពស់ និងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញឧត្តមភាពប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពជោគជ័យរបស់ FTB។

លោក ឱក សីហា

លោក ឱក សីហា

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ


លោក ឱក សីហា គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាអ្នកជំនាញហិរញ្ញវត្ថុជាន់ខ្ពស់ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយលើផ្នែកគណនេយ្យ សវនកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុនៃធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) លោកទទួលខុសត្រូវលើការដឹកនាំ និងគ្រប់គ្រងការងារហិរញ្ញវត្ថុ និងរតនាគាររបស់ធនាគារ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការគ្រប់គ្រងសាច់ប្រាក់ និងការថែរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ស្ថាប័ន។

មុនពេលត្រូវបានតែងតាំងជាប្រធាននាយកហិរញ្ញវត្ថុ លោកបានបម្រើការនៅ FTB អស់រយៈពេល ៦ ឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ទទួលបន្ទុកផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ ក្នុងអំឡុងពេលនោះ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការហិរញ្ញវត្ថុ ការពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការអភិវឌ្ឍយន្តការគ្រប់គ្រងហិរញ្ញវត្ថុស្របតាមស្តង់ដារល្អបំផុតនៃវិស័យធនាគារ។

មុនចូលបម្រើការងារនៅ FTB លោកបានបំពេញការងារនៅក្នុងវិស័យសវនកម្មឯករាជ្យអស់រយៈពេលជាង ១០ ឆ្នាំ ដោយទទួលបានបទពិសោធន៍ និងចំណេះដឹងស៊ីជម្រៅលើការត្រួតពិនិត្យហិរញ្ញវត្ថុ ការវាយតម្លៃហានិភ័យ និងអភិបាលកិច្ចស្ថាប័ន។ លើសពីនេះ លោកក៏ធ្លាប់បម្រើការជាគ្រូបង្រៀនក្រៅម៉ោងលើមុខវិជ្ជាសេដ្ឋកិច្ច ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ចំណេះដឹងវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

លោក ឱក សីហា ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច។ លោកត្រូវបានទទួលស្គាល់ចំពោះជំនាញហិរញ្ញវត្ថុដ៏រឹងមាំ សមត្ថភាពវិភាគប្រកបដោយយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងអភិបាលកិច្ចហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រកបដោយតម្លាភាព។ តាមរយៈភាពជាអ្នកដឹកនាំ និងបទពិសោធន៍វិជ្ជាជីវៈរបស់លោក លោកបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញស្ថិរភាព ការរីកចម្រើន និងភាពជោគជ័យប្រកបដោយចីរភាពរបស់ FTB។