ពិធីសម្ពោធឱ្យដំណើរការ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសាខាតាខ្មៅ


(កណ្តាល)៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ សាខាថ្មីនាទីក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីសម្ពោធនេះ ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា តំណាងលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក គីម រិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល តំណាងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ព្រមទាំងមានវត្តមានរបស់លោក ហ៊ុន ម៉ានិត ផងដែរ។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា មានស្លាកសញ្ញា ហៅកាត់ថា FTB បានរាយការណ៍ពីវឌ្ឍនភាពរបស់ធនាគារ FTB ដែលជាធនាគារពាណិជ្ជ ក្នុងស្រុកទីមួយ រឹងមាំ និងឈានមុខ ជាមួយនឹងបទពិសោធន៍ប្រតិបត្តិការ អាជីវកម្មជាង៤០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩មក ដែលទទួលបានទំនុកចិត្តខ្ពស់ ពីសំណាក់អតិថិជន និងដៃគូរធុរកិច្ចនៅក្នុងប្រទេស ក៏ដូចជាលើកឆាកអន្តរជាតិ។

លោកបានបន្តលើកឡើងថា ការបើកសាខាថ្មីនាក្រុងតាខ្មៅ នឹងផ្តល់ជូនអតិថិជន នូវជម្រើសថ្មីជាមួយនឹង សេវាកម្មធនាគារទំនើប ដែលហៅថា សេវាកម្មធនាគារឌីជីធល ប្រកបដោយគុណភាព ដែលនឹងបន្ត ចូលរួមជួយ លើកកម្ពស់បរិយាប័ណ្ណហិរញ្ញវត្ថុ សកម្មភាពវិនិយោគ ធុរកិច្ច សេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុ ក្នុងស្រុក ជាពិសេសនោះ គឺបានចូលរួមជួយលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋក្រុងតាខ្មៅ និងខេត្តកណ្តាលដោយផ្ទាល់។

លោក គីម រិទ្ធី បានលើកឡើងពីតម្លៃសន្តិភាព ដែលនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យ។ លោកក៏បានកោតសរសើរ និងចូលរួមអបអរសាទរ ចំពោះសាខាថ្មីនៃ ធនាគារពាណិជ្ជកម្មក្រៅទេសនៃកម្ពុជា ដែលមានវត្តមាននៅក្នុងទឹកដីក្រុងតាខ្មៅ ដែលជាបេះដូង នៃខេត្តកណ្តាលនេះតែម្តង។

លោកក៏បានលើកឡើងពីវិស័យធនាគារ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ចគ្រួសារ របស់ប្រជាជនខ្មែរយើងផងដែរ។

លោកក៏បានគូសបញ្ជាក់ថា បុគ្គលិកធនាគារ គឺជាបុគ្គលគំរូចំពោះយុវជនជំនាន់ក្រោយ ដោយបុគ្គលិកធនាគារទាំងនោះ មានវិជ្ជាជីវៈប្រកប ដោយបទដ្ឋានខ្ពស់មួយ ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ដែលជាគំរូមួយដល់យុវជនជំនាន់ក្រោយផងដែរ។

លោក គីម រិទ្ធី ក៏បានជូនពរដល់ធនាគារពាណិជ្ជកម្ម ក្រៅប្រទេសនៃកម្ពុជា ដំណើរការទៅមុខប្រកបដោយជោគជ័យ ទទួលបានការគាំទ្រពីអតិថិជនទាំងក្នុង និងក្រៅប្រទេស។

លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារជាកត្តាមួយ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងបរិយាប័ន្ន ព្រមទាំងសុខុមាលភាពសង្គមផងដែរ។
លោកក៏បានក្រើនរំឮកអំពីគុណតម្លៃនៃសន្តិភាព ដូចប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ថា៖ «អរគុណសន្តិភាព!» មានសន្តិភាពទើបយើងអាចកសាង និងអភិវឌ្ឍប្រទេសយើងជឿនលឿន។

លោកក៏បានគូសបញ្ជាក់ពីការបង្កើតសាខាថ្មី របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជានាពេលនេះថា បានបង្ហាញពីការយកចិត្តទុកដាក់ របស់ធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធិភាព និងឆាប់រហ័ស ព្រមទាំងឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់អតិថិជន និងវិនិយោគិន។

សូមបញ្ជាក់ថា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ ជានាយកដ្ឋានមួយ របស់ធនាគារជាតិនៃកម្ពុជា ដើម្បីដំណើរការដល់ការទូទាត់ហិរញ្ញវត្ថុក្រៅប្រទេស៕