ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា វិនិយោគ ២០,០០០,០០០ដុល្លារលើមូលបត្រ បំណុលរបស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី


កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC), Cambodia Airport Investment Co., Ltd (CAIC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន ២០ លានដុល្លារអាមេរិកលើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាស យាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA) (ការបោះផ្សាយជាលក្ខណៈបុគ្គល)។
ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណរបស់ NPPIA នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ NPPIA នៅខេត្តកណ្តាល។ គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន 27% ត្រូវនឹងទឹកប្រាក់សរុប 358 លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីវិនិយោគរួចដោយ CAIC ។
អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេស កម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA ។

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជម្រុញ គាំទ្រ និងជួយផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក ។
ផ្អែកលើមូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ សមិទ្ធផលជាច្រើន បទពិសោធន៍ក្នុងដំណើរការចូលរួមជួយអភិវឌ្ឍ ទីផ្សារ និងសេដ្ឋកិច្ចជាតិរយៈពេល៤០ឆ្នាំកន្លងមកនេះ និងជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលមានចំនួនប្រមាណ ១,៧ ប៊ីលានដុល្លារ ទំហំឥណទានសរុបប្រមាណ ១,១ ប៊ីលានដុល្លារ និងប្រាក់បញ្ញើសរុបប្រមាណ ១,៥ ប៊ីលានដុល្លារ និងបណ្តាញសាខាចំនួន ១៦សាខា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានកំណត់ ទិសដៅអាជីវកម្មរយៈពេលវែង ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។