

ភ្នំពេញ៖ ធនាគារ FTB ចូលរួមជាមួយ ក្រសួងបរិស្ថាន និងអង្គការGGGI ឧបត្ថម្ភធុងញែកកាកសំណល់ ៩គ្រឿង ជូនអនុវិទ្យាល័យមួយចំនួន ក្នុងយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០ នៅកម្ពុជា។ ពិធីប្រគល់និងទទួល បានរៀបចំឡើងនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែនទួលទ្រា ឃុំជប់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីខ្ពង់ខ្ពស់ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោកស្រី Nathalie Andre តំណាង GGGI ប្រចាំកម្ពុជា សមាគមធនាគារនៅកម្ពុជា និងតំណាងធនាគារ FTB។
គោលបំណងធំនៃយុទ្ធនាការនេះ គឺដើម្បីផ្ដល់វេទិកាដល់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមគាំទ្ររដ្ឋាភិបាលក្នុងការបង្កើនសកម្មភាពអាកាសធាតុដែលចូលរួមដល់ការកាត់បន្ថយផលប៉ះពាល់ពីអាកាសធាតុ និងលើកកម្ពស់ការយល់ដឹង និងការពិភាក្សាអំពីសកម្មភាពអាកាសធាតុដែលចូលរួមចំណែក ដល់ការការពារបរិស្ថាន ភាពធន់អាគារនិងការពង្រឹងគុណភាពខ្យល់។
ការចូលរួមឧបត្ថម្ភរបស់ធនាគារ FTB មានជំនឿថា ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែប្រកបដោយចីរភាព និងមានការយកចិត្តទុកដាក់ចំពោះបរិស្ថាន។ ការចូលរួមផ្ដល់ជូនធុងសំរាមដាច់ដោយឡែកជូនសាលារៀន គឺជាឧទាហរណ៍មួយនៃការចូលរួមជាក់ស្តែងរបស់វិស័យឯកជន ក្នុងការរួមចំណែកបង្កើតសហគមន៍ស្អាត សុខភាពល្អ និងអនាគតបៃតងសម្រាប់កម្ពុជា។
កន្លងមក នៅកម្ពុជា ប្រធានបទកាកសំណល់ គឺជាស្នូលសំខាន់ និងជាប្រធានបទដែលតម្រង់ទិសដៅអនុវត្តយុទ្ធនាការផ្ទៃមេឃពណ៌ខៀវនេះ។ ប្រធានបទកាកសំណល់ នេះក៏ជាទិសដៅគន្លឹះរបស់ក្រសួងបរិស្ថាន ហើយនាពេលកន្លងមកនេះ ក្រសួងបានដាក់ចេញនូវយុទ្ធនាការនានា ដូចជា «យុទ្ធនាការថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» «កម្ពុជាស្អាត! ខ្មែរធ្វើបាន» និងយុទ្ធនាការនានាទៀត។
ជាមួយគ្នានោះ ធនាគារ FTB សូមលើកទឹកចិត្តដល់សិស្សទាំងអស់ សូមប្រើប្រាស់ធុងសំរាមឱ្យបានត្រឹមត្រូវ ដ្បិតថាដើម្បីឱ្យការងារបរិស្ថានសម្រេចបានជោគជ័យ គឺត្រូវតែមានចូលរួមទាំងអស់គ្នា ហើយសាលារៀនត្រូវតែដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការបណ្តុះស្មារតី ផ្នត់គំនិតស្រទាប់មនុស្សជំនាន់ថ្មីជាពិសេសសិស្សានុសិស្ស ដែលមានការគិតវិជ្ជមានចំពោះបរិស្ថាន។
គួរបញ្ជាក់ផងដែរថា “យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០ នៅកម្ពុជា” ជាគំនិតផ្ដួចផ្ដើមដោយ GGGI កាលពីឆ្នាំ២០២០ ហើយក្រោយមកពីក្លាយជាយុទ្ធនាការថ្នាក់សកល។ ប្រទេសកម្ពុជា ជាប្រទេសជាសមាជិកGGGI នៅអាស៊ីអាគ្នេយ៍ ទីមួយ ដែលប្រារព្ធ និង ចូលរួមអនុវត្ត យុទ្ធនាការផ្ទៃនេះ។
អំពីធនាគារ FTB៖ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករ។ គិតត្រឹមឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,២៨ លានដុល្លារ ឥណទានសរុបចំនួន ១,៣៣ លានដុល្លារ និងប្រាក់បញ្ញើសរុបជាង ១,៩៣ លានដុល្លារ។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។