

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ក្នុងនាមជា “Confirming Bank” ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងបង្កើតឱកាសធ្វើពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ ក្នុងកម្មវិធីហិរញ្ញប្បទាន ខ្សែសង្វាក់ពាណិជ្ជកម្ម។
ការចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមដោយ លោក Bhargav Dasgupta អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសហ្វីលីពីន លោកជំទាវ Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងលោក ឌិត សុចល ប្រធាននាយកប្រតិបត្តិរបស់ធនាគារ FTB ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារទាំងពីរផងដែរ។


លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិរបស់ធនាគារ FTB បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ក្នុងនាមជា “Confirming Bank” រវាងធនាគារ FTB និងធនាគារ ADB នេះ ជាជំហានបន្ទាប់ដ៏សំខាន់ក្នុងការជួយគាំទ្រលើកស្ទួយដល់សហគ្រាសធុនតុច និងធម្យម (SMEs) គ្រប់ប្រភេទ។ ភាពជាដៃគូនេះ បានផ្ដល់នូវដំណោះស្រាយហិរញ្ញប្បទានខ្សែសង្វាក់ពាណិជ្ជកម្មឱ្យកាន់តែរលូន ដល់ ក្រុមហ៊ុននាំចេញ ដោយសម្រួលដល់ប្រតិបត្តិការ នាំចេញផលិតផលគ្រប់ប្រភេទ និងបង្កើនទីផ្សារ ពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។”
លោកបានប្រសាសន៍បន្ថែមថា៖“ការចុះហេត្ថលេខានេះ អនុញ្ញាតិឱ្យធនាគារ FTB អាចបម្រើសេវាជូនអតិថិជនប្រកបដោយទំនុកចិត្ត តាមរយៈការសម្រួលឱ្យពាណិជ្ជកម្មជាសកល និងការផ្គត់ផ្គង់ខ្សែសង្វាក់ពាណិជ្ជកម្មកាន់តែមានភាពបរិយាបន្ន ភាពធន់ តម្លាភាព និងទំនួលខុសត្រូវចំពោះសង្គម។ ជាងនេះ ធនាគារ FTB នឹងទទួលបានការគាំទ្រក្នុងការពង្រីកបណ្ដាញទំនាក់ទំនង ភាពស៊ីជម្រៅពីអ្នកជំនាញៗ ឱកាសផ្សេងៗប្រកបដោយនុវានុវត្តន៍ ដែលកាន់តែជំរុញឱ្យធនាគារ FTB អាចផ្ដល់ជូនដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្មកាន់តែល្អប្រសើរ។”


លោក Bhargav Dasgupta អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានមានប្រសាសន៍ថា៖ “ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។”


អំពីធនាគារ FTB៖ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករ។ គិតត្រឹមឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,២៨ លានដុល្លារ ឥណទានសរុបចំនួន ១,៣៣ លានដុល្លារ និងប្រាក់បញ្ញើសរុបជាង ១,៩៣ លានដុល្លារ។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។