

នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានការរៀបចំកម្មវិធីចុះហត្ថលេខាលើ (១) កិច្ចព្រមព្រៀងធានាឥណទានជាកញ្ចប់ សម្រាប់គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតកម្ពុជារវាង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB), និង (២) អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង CGCC និង សមាគមអ្នកផ្គត់ផ្គង់ទឹកកម្ពុជា (CWA), និង (៣) MOU រវាង CGCC និងអង្គការ Water.org។ កម្មវិធីចុះហត្ថលេខាលនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនរានុវត្តន៍ និងត្រូវបានចុះហត្ថលេខាដោយ លោក ណូ លីដា អគ្គនាយក CGCC, លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB, លោក លឹម មិញ នាយកប្រតិបត្តិ CWA, និងលោកស្រី ហ្គេ សាន់តូស នាយកតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ Water.org ។ ពិធីចុះកិច្ចព្រមព្រៀងនេះ មានអ្នកចូលរួម សរុបប្រមាណ ៧០រូប ដែលជា ប្រតិបត្តិករទឹកស្អាត, ថ្នាក់គ្រប់គ្រង, ព្រមទាំងបុគ្គលិកនៃស្ថាប័នទាំងបួននេះ។
គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតកម្ពុជា គឺជាគំនិតផ្តួចផ្តើមក្នុងការគាំទ្រប្រតិបតិ្តករទឹកស្អាតឱ្យទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ តាមរយៈការធានាឥណទានដែលមានលក្ខខណ្ឌអនុគ្រោះ។
លោក ណូ លីដា អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា៖ “ការផ្គត់ផ្គង់ទឹកស្អាត គឺជាសេវាសាធារណៈចាំបាច់ និងត្រូវការពង្រីកបន្ថែមនៅកម្ពុជា សម្រាប់សុខុមាលភាពរបស់ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ CGCC មានមោទនភាពដែលបានរៀបចំគម្រោងធានាឥណទានជាក់លាក់មួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដោយផ្តល់ការធានាដែលមានលក្ខខណ្ឌអនុគ្រោះ។ គម្រោងនេះ អាចដាក់ឱ្យដំណើរការទៅបាន ដោយមានការ ការសហការជាមួយដៃគូពាក់ព័ន្ធសំខាន់ៗ រួមមាន ធនាគារ FTB, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងអង្គការ Water.org។ ស្ថាប័ននីមួយៗ នឹងចូលរួមចំណែកក្នុងការអនុវត្តគម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ចូលរួមធានាថាកម្ចីមានការធានាត្រូវបានផ្តល់ជូនដល់ប្រតិបត្តិករទឹកស្អាតចំទិសដៅ ដែលមានសក្តានុពល និងមានហានិភ័យសមស្របអាចគ្រប់គ្រងបាន។ ក្នុងដំណាក់កាលដំបូងនៃគម្រោងធានាឥណទាននេះ CGCC និង FTB ប្តេជ្ញាផ្តល់កម្ចីមានការធានាសរុប ៥ លានដុល្លារអាមេរិក ជូនដល់បណ្តាប្រតិបត្តិករទឹកស្អាតនៅកម្ពុជា។’’
តាមរយៈគម្រោងនេះ CGCC នឹងផ្តល់ការធានាលើកម្ចីដែលបញ្ចេញដោយធនាគារ FTB ដែលជាធនាគារដៃគូរបស់ CGCC ចាប់ពីពីឆ្នាំ២០២១ មក ជូនដល់ប្រតិបត្តិករទឹកស្អាតនៅកម្ពុជា។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB មានប្រសាសន៍ឱ្យដឹងថា៖ “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន និងអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងធានាឥណទានដើម្បីអភិវឌ្ឍ សេវាសាធារណៈសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន រវាងធនាគារ FTB និង CGCC ឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ល្អ ចាប់តាំងពីឆ្នាំ ២០២១ ដោយបានពង្រីកកិច្ចសហការជាបន្តបន្ទាប់ ជាមួយការអនុវត្តទំហំឥណទានសរុបប្រមាណជាង ១៩លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្រាប់ប្រតិបត្តិករទឹកស្អាត សរុបប្រមាណជាង ២,៣ លានដុល្លារអាមេរិក។ តាមរយៈការសហការនេះ ស្ថាប័នទាំងពីរបានព្យាយាមខិតខំ និងតែងតែស្វែងយល់បន្ថែមពីការច្នៃប្រឌិតថ្មីៗលើបញ្ហាពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងការសហការរួមគ្នាឆ្ពោះទៅរកការគ្រប់គ្រងប្រព័ន្ធទឹកស្អាត នៅប្រទេសកម្ពុជាប្រកបដោយ និរន្តរភាព។”
ដើម្បីកាត់បន្ថយហានិភ័យ និងកំណត់ប្រតិបត្តិករទឹកស្អាតឱ្យបានចំគោលដៅ CGCC និង FTB នឹងសហការគ្នាផ្តល់កម្ចីមានការធានាជូនដល់ប្រតិបត្តិករទឹកស្អាត ដែលជាសមាជិករបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងធ្លាប់ ឬកំពុងទទួលបានជំនួយបច្ចេកទេស ឬការគាំទ្រហិរញ្ញវត្ថុពីអង្គការ Water.org ផងដែរ។
តាមរយៈនេះ លោក លឹម មិញ នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានលើកឡើងថា៖ “ភាពជាដៃគូនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងខិតខំអភិវឌ្ឍ និងពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឱ្យបានពេញលេញក្នុងតំបន់អាជ្ញាបណ្ណរបស់ពួកគេ។ ការចូលរួមរបស់ CWA ក្នុងគម្រោងនេះ គឺដើម្បីជំរុញឱ្យសមាជិកទទួលបានឱកាសប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ដែលមានភាពច្បាស់លាស់ សុវត្ថិភាព និងអាចជួយបំពេញគោលដៅជាសកលក្នុងការទទួលបានទឹកស្អាតនៅឆ្នាំ ២០៣០។’’
បន្ថែមពីនេះ លោកស្រី ហ្គេ សាន់តូស នាយកតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ Water.org មានប្រសាសន៍ថា៖ “Water.org បានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០២២ ហើយតាមរយៈការសហការយ៉ាងរឹងមាំ ពួកយើងបានជួយគាំទ្រប្រជាពលរដ្ឋជាង ២,១៩ លាននាក់ និងកៀរគរថវិកាបានជាង ២៨១ លានដុល្លារ ដល់វិស័យទឹកស្អាត និងអនាម័យ។ ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ អត្រានៃចំនួនប្រជាជនដែលមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យប្រកបដោយសុវត្ថិភាពនៅតែមិនទាន់គ្រប់គ្រាន់ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG 6) នៅប្រទេសកម្ពុជានៅឡើយទេ។ ដូច្នេះ Water.org មានសេចក្តីរីករាយក្នុងការគាំទ្រគម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតនៅកម្ពុជា។”
គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ (UDGS) គឺជាគំរូហិរញ្ញវត្ថុថ្មីមួយដែលបង្កើតឡើងដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការរបស់ប្រតិបត្តិករទឹកស្អាតឯកជន ដោះស្រាយបញ្ហាប្រឈមលើទ្រព្យធានា និងការធានាឥណទានជាមួយនឹងលក្ខខណ្ឌអនុគ្រោះ។ ជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្ដនេះ ភាគីទាំងបួននឹងបង្កើនកិច្ចសហប្រតិបត្ដិការក្នុងការលើកកម្ពស់ និងគាំទ្រការរីកចម្រើនរបស់អាជីវកម្មតាមរយៈការផ្ដល់ហិរញ្ញប្បទានប្រតិបត្តិការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅជាសកល នៃលទ្ធភាពប្រើប្រាស់ទឹកស្អាតនៅឆ្នាំ២០៣០៕