

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ FTB សម្រេចលុបចោលបំណុលទាំងស្រុងជូនដល់យោធិនដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
ការសម្រេចលុបចោលនេះ បានធ្វើឡើង ដោយយោងទៅតាមសេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខៈ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃ កម្ពុជា ក្រោមការដឹកនាំរបស់ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ FTB បានមានប្រសាសន៍ថា៖ “ ក្នុងស្មារតីរួបរួមជាតិរបស់កម្ពុជា ធនាគារ FTB នឹងចូលរួមចំណែកជាមួយប្រជាជនខ្មែរទាំងពេលល្អ និងពេលវេលាលំបាក ដើម្បីស្មារតីសាមគ្គីភាព ការពារដែនអធិបតេយ្យភាពជាតិខ្មែរ ជាពិសេសយោធិនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ ធនាគារ FTB បានសម្រេចលុបចោលនូវឥណទានទាំងស្រុង ជូនដល់យោធិនពលីជីវិត អ្នករួមខ្ចី យោធិនពិការនិងរងរបួសដែលបានធ្វើប្រតិបត្តិការក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា។ ”
លោកបានមានប្រសាសន៍បន្តថា៖ “ជាការពិតណាស់ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ក្រៅពីផ្ដោតលើភាពរីកចម្រើនអាជីវកម្មរបស់អតិថិជន និងជាដៃគូពាណិជ្ជកម្មដ៏ល្អហើយនោះ យើងក៏បានផ្ដោតសំខាន់នូវសកម្មភាពណាមួយដែលប្រកបដោយទំនួលខុសត្រូវសង្គម ប្រកាន់ភ្ជាប់នូវអំពើល្អ ចូលរួមចំណែកដល់សង្គម ដើម្បីទទួលបាននូវសុខសន្តិភាព និងអនាគតកម្ពុជាកាន់តែល្អប្រសើរ។”
គួរបញ្ជាក់ផងដែរថា ធនាគារ FTB ជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ គិតត្រឹមឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,២៨១ លានដុល្លារ ឥណទានសរុបចំនួន ១,៣៣៩ លានដុល្លារ និងប្រាក់បញ្ញើសរុបជាង ១,៩៣៣លានដុល្លារ។
ធនាគារ FTB សូមបង្ហាញការដឹងគុណ និងអរគុណនូវវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជានៅក្នុងសមរភូមិ ដែលបានលះបង់ និងពលីកម្មដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។